កាដូឈឺចាប់របស់អាមេរិកាំង
២៨ កុម្ភៈ ២០១៧
រាត្រីខ្យល់ផាត់     ពពករសាត់         បាត់បាំងចន្ទ្រា     មេឃខ្មៅងងឹត
រួមរឹតឱរា            នឹកដល់វេលា      នាពេលសោកសៅ។
ស្លាកស្នាមឆ្លាក់ជាប់      មិនទាន់រលុប      ដឹតដាមក្រឡៅ    ដីប្រែក្រហូង
អន្លង់ទឹកជ្រៅ               ភូមិឋានលំនៅ     ប៉ើងឆេះខ្ទេចខ្ទី។
យន្តហោះបំពាក់  គ្រាប់បែកទំលាក់  បេហាសិបពីរ      លេបត្របាក់ភូមិ
សង្ខាពលី           ប្រជាវក់វី            ស្រុកកើតកលយុគ។
ជីវិតក្រោមសូន្យ   ប្ដីប្រពន្ធកូន         ប្រាស់ព្រាត់កើតទុក្ខ      បាត់បង់គ្រួសារ យាយតាឪពុក គ្មានទេក្ដីសុខ      ដូចនរកលោកីយ៍។
កាដូឈឺចាប់       យកជាចំណាប់    ប្រជាធិបតេយ្យ    អាគាំងជាន់ឈ្លី ប៉ុលពតប្រល័យ        ប្រជាខ្មែរក្ស័យ     ឈាមដាបទន្លេ។
ប៉ុណ្ណឹងមិនស្ងប់    សង្កត់គ្រប់សព្វ    ឲ្យសងលុយទ្វេរ   លុយទិញគ្រាប់បែក ទម្លាក់ស្លាប់ខ្មែរ   ទោះខំហូរហែរ    ឲ្យលប់សំណង។
ឈឺចាប់ដួងចិត្ត    បំណុលជីវិត       គេមិនបានសង    គេទាំងថែមមិន សុំទោសខ្មែរផង        ឥឡូវឲ្យសង        ថ្លៃគ្រាប់បែកវា។
ឈឺអើយសែនឈឺ        ស្រែកប្រាប់ឲ្យឭ   ដល់អស់ប្រជា     សូមក្រោករួបរួម
ស្ម័គ្រស្មោះទាមទារ     ឲ្យអាគាំងវា         សងដល់ខ្មែរវិញ។
 






 
 
 
 
 
 
